ក្នុងចំណោមប្រជាជនជាង៧ពាន់លាននាក់ក្នុងផែនដី យើងគ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះ។ ក្នុងចំណោមគំនិតរាប់កោដិ គំនិតរបស់យើង ក៏គ្រាន់តែជាគំនិតមួយប៉ុណ្ណោះដែរ ដូចគ្នានឹង តំណក់ទឹកតូចមួយ សម្រាប់មហាសមុទ្រដ៏ធំល្វឹងល្វើយដែរ។ ដូចនេះ មនុស្សមិនគួរ អាត្មានិយម ចំពោះខ្លួន ហើយរិតតែមិនគួរអាត្មានិយមចំពោះគំនិតខ្លួនឯងដែរ។ យើងគ្រាន់តែជាជ្រុងតូចមួយ ក្នុងបន្ទប់នៃលំហដ៏មហាសាលប៉ុណ្ណោះ។
មនុស្សគួរតែប្រកាន់ទម្លាប់ទទួលយកគំនិតអ្នកដទៃ ទោះបីគំនិតនោះបែបណាក៏ដោយ ឬចេញពីបុគ្គលណាក៏ដោយ។ តារាកំប្លែងអាមេរិច រូប៊ិន វីលៀម បាននិយាយថា “មិនសំខាន់ថា អ្នកណានិយាយប្រាប់អ្នកទេ រាល់ពាក្យពេជន៍និងគំនិត សុទ្ធតែអាចផ្លាស់ប្តូរពិភពលោកបាន”។ ជាទូទៅ គំនិតសុទ្ធតែត្រឹមត្រូវ ប៉ុន្តែអាស្រ័យតាមកាលៈទេសៈប៉ុណ្ណោះ។ ជួនកាលពេលនេះ គំនិតនេះអាចមិនត្រូវ ប៉ុន្តែវាអាចត្រឹមត្រូវនៅពេលណាមួយក៏ថាបាន មិនខុសពីគំនិត ឬទ្រឹស្តីទាំងអស់ដែលរៀននៅមហាវិទ្យាល័យ មិនមែនសុទ្ធតែអាចប្រើប្រាស់បានគ្រប់ពេល ឬគ្រប់ទីកន្លែងនោះដែរ។
មនុស្សគួរតែបើកចិត្តព្រមទទួលយកគំនិតពីអ្នកដទៃ។ ពេលខ្លះគំនិតមួយ ពិតជាអាចបង្កើតរឿងដ៏អស្ចារ្យបាន ឧទាហរណ៍ គំនិតក្នុងការឡើងទៅឋានព្រះច័ន្ទ ការបង្កើតបក្សីស្លាបដែរហើរឆ្លងទ្វីប ឬទាហានអវកាសជាដើម។ បើកចំហទទួលយកគំនិតពីអ្នកដទៃ មានន័យថា អ្នកបានផ្តល់ឱកាសឲ្យខ្លួនឯង ដើម្បីទទួលយកជម្រើសដ៏សម្បូរបែបមួយ។ បិទទ្វាខួរក្បាលរបស់ខ្លួន ដោយប្រកាន់ភ្ជាប់ភាពអត្មានិយមលើគំនិតខ្លួនតែមួយមុខ មានន័យថា អ្នកបិទឱកាសរីកចម្រើនសម្រាប់ខ្លួនឯង ពីព្រោះគំនិតរបស់អ្នកត្រឹមត្រូវឬចេញតែពីជ្រុងតូចមួយប៉ុណ្ណោះ។
អ្នកប្រាជ្ញ អ្នកនិពន្ធ អ្នកនយោបាយ ឬអ្នកពូកែនិយាយផ្សេងៗ ដែលទទួលបានការកោតសរសើរ និងភាពជោគជ័យ មិនដែលពឹងពាក់តែលើគំនិតខ្លួនតែមួយណាស់។ បើដូចនេះមែន ពួកគេមិនចាំបាច់អានសៀវភៅរាប់សិបក្បាល មានទីប្រឹក្សារាប់សិបនាក់ ព្យាយាមជួបជុំជាមួយមនុស្ស និងដើរទៅកន្លែងជាច្រើនកន្លែងនោះដែរ។ លើសពីនេះ មានក្រុមហ៊ុនធំៗ និងជោគជ័យជាច្រើន បានចំណាយលុយដើម្បីទាញយកធនធានមនុស្សពីកន្លែងដទៃ ក៏ដោយសារចង់បានគំនិតនេះឯង។
ដូចនេះមនុស្សគួរតែរៀនបើកចិត្ត ទទួលយកគំនិតពីអ្នកដទៃ ឬប្រភពខាងក្រៅឲ្យបានច្រើន និងកាត់បន្ថយភាពអាត្មានិយមលើគំនិតខ្លួនឯងតែមួយមុខ។ អ្វីដែលសំខាន់ជាងនេះ ត្រូវធ្វើការពិចារណាលើរាល់គំនិតទាំងឡាយ ដោយប្រើប្រាស់គំនិតផ្សេងទៀត មុនពេលដាក់ចេញជាសកម្មភាព៕
#ឈុំសីហា #គំនិត #កាលៈទេសៈ #អាត្មានិយម
Comments