ក្នុងមួយថ្ងៃ យើងមានពេលត្រឹមតែ ១៤៤០នាទី ហើយក្នុងមួយឆ្នាំ គឺមានត្រឹមតែ ៥២៥៦០០ នាទីប៉ុណ្ណោះ។ បើក្នុងមួយថ្ងៃយើងចំណាយពេលវេលា១ម៉ោងដើម្បីខឹង ឬស្អប់នរណាម្នាក់ នោះមានន័យថាយើងបានខាតពេលវេលាអស់ ២១៩០០នាទីក្នុងមួយឆ្នាំ។
រាល់ថ្ងៃ យើងបានចំណាយពេលវេលាចោលច្រើនណាស់ទៅលើរឿងឥតប្រយោជន៍របស់អ្នកដទៃ។ យើងខឹងគេ និយាយដើមគេ ច្រណែនគេ ឈ្នាសនីសគេ រិះគន់គេ យ៉ាងនេះយ៉ាងនោះរកខុសត្រូវចំពោះជីវិតគេទាំងដែលម្ចាស់គេមិនត្រូវការយើងដើម្បីវែកញែកផងនោះ។ អ្នកដែលយើងនិយាយពីគេនោះ មិនត្រឹមតែមិនត្រេកអរចំពោះយើងទេ គេថែមទាំងខឹង និងកើតទុក្ខមិនសុខចិត្តចំពោះយើងផង ហើយពេលខ្លះរឿងនោះក៏ចេះតែបន្តរហូតដល់រឿងតូចៗ ក្លាយទៅជាធំប៉ុនភ្នំ។
យើងចំណាយពេលវេលាទៅគិតពីអ្នកដទៃច្រើនជាងការចំណាយពេលវេលាមកគិតពីខ្លួនឯងទៅទៀត។ យើងមិនបានយកពេលវេលាមកគិតពីខ្លួនឯងច្រើនប៉ុន្មានទេ។ មិនបានគិតថាស្អែកត្រូវធ្វើអ្វី ១ឆ្នាំក្រោយត្រូវធ្វើអ្វី ខែនេះត្រូវសម្រេចអ្វី ហើយបីឆ្នាំក្រោយត្រូវទៅដល់ណា។ ពេលវេលានៃអាយុជីវិតដែលយើងកំពុងតែស្ថិតនៅក្នុងពេលឥឡូវនេះ មិនដឹងថាខាតច្រើនប៉ុនណាទេចំពោះរឿងឥតប្រយោជន៍ផ្សេងៗជាច្រើន។ ពេលវេលាដែលបាត់បង់ទៅនោះ មិនអាចត្រឡប់មកវិញបានទេ ហើយបើយើងនៅតែបន្តគិតរឿងឥតប្រយោជ៍លើអ្នកដទៃទៀត ពេលវេលាដែលកំពុងមាននេះក៏នឹងរសាត់ទៅជាបន្តបន្ទាប់ទៀតមិនខានឡើយ។
ឈប់គិតពីអ្នកដទៃលើរឿងឥតប្រយោជន៍របស់គេទៀតទៅ។ រឿងទាំងនោះម្ចាស់គេមិនទាំងគិតផង ចុះយើងវិញ? បើគិតរកដំណោះស្រាយចាំគិត តែបើគិតដើម្បីឲ្យបញ្ហាកាន់តែច្រើនកុំគិតអីល្អជាង។ យកពេលវេលាមកអង្គុយគិតពីគោលដៅជីវិតរបស់យើងវិញ។ ជួយគេពេលគេត្រូវការ វាល្អជាងចេះដឹងរឿងគេពេលគេជាងយកពេលមកគិតរឿងខ្លួនឯង។ អ្នកដែលយើងកំពុងនិយាយពីគេនោះ គេមានតែសើចចំអកយើង ដែលយើងយកពេលវេលាដ៏មានតម្លៃរបស់ខ្លួន ទៅគិតរឿងឥតប្រយោជន៍ដែលគេបោះចោល។
ពេលវេលាជាមាសប្រាក់ បើយើងចាយពេលវេលាខ្ជះខ្ជាយ នោះមានន័យថាយើងចាយលុយកាក់មាសប្រាក់ដោយឥតប្រយោជន៍ដែរហើយ៕
_______________________________
អត្ថបទដកស្រង់ចេញពីសៀវភៅ #វិញ្ញាសាជីវិត
Comments