១. អ្វីដែលខ្ញុំពេញចិត្តចំពោះមេដឹកនាំចិន តេង សៀងពីង បំផុត គឺប្រើមនុស្សតិចដែលមានចំណេះដឹងច្រើន មានសមត្ថភាពខ្ពស់ មានការតាំងចិត្ត ទៅជួយអ្នកក្រខ្សត់ខ្សោយ។ ជាទូទៅ មនុស្សលេងសើចច្រើន មិនចូលចិត្តអ្នកធ្វើមែនទែនទេ។ រីឯអ្នកមែនទែនក៏មិនអាចរួមការងារជាមួយមនុស្សឡេះឡោះបានដែរ។ ខ្ញុំជឿថាមនុស្សខ្លាំងៗ មនុស្សដែលមានសមត្ថភាព និងមនុស្សដែលអាចធ្វើឱ្យខ្លួនឯងរីកចម្រើនលឿន គឺមិនចេះធូររលុងចំពោះខ្លួនឯងឡើយ។ លក្ខណៈនៃខ្មែរយើងខ្លះ ហាក់បីដូចបាត់បង់ព្រលឹងនៃមនុស្សប្រឹង មនុស្សពិតប្រាកដ មនុស្សនឹងធឹង មនុស្សនឹងន និងជាពិសេសស្មារតីនៃការប្រឹងប្រែង។ តើអ្វីដែលយើងរំពឹងថានឹងបានមកដោយទទេៗ ឥតប្រឹងសោះ និងបំពេញកិច្ចការតាមតែអារម្មណ៍ តាមតែការចូលចិត្តចិត្តរបស់ខ្លួន ដោយគ្មានវិន័យ?
២. ពេលខ្ញុំហត់នឿយចិត្ត ថាមពលចិត្តទន់ខ្សោយ ខ្ញុំតែងតែចំណាយពេលវេលាដើរចូលក្នុងប្រាសាទ អង្គុយក្រោមដើមឈើ ក្បែរធម្មជាតិ មានទឹក មានខ្យល់អាកាសបរិសុទ្ធ និងគ្មានមនុស្សមករំខានការស្មឹងស្មាតបំពេញថាមពល។ ខ្ញុំចេះតែគិតថា “តើប្រាសាទដ៏មហិមារនេះកើតឡើងដោយសារតែការធ្វើការលេងៗ ឬការតែងប្តូរផ្តាច់សម្រេចសមិទ្ធិផលឱ្យខានតែបាន?” អ្វីៗកើតឡើងសុទ្ធតែចេញពីការលះបង់។ ខ្ញុំដាក់សំនួរទៀតថា “តើមេដឹកនាំសម័យកសាងប្រាសាទអង្គរ មិនដឹងជាត្រូវមនុស្សឡេះអាឡោះប៉ុន្មាននាក់ស្អប់ទេ?” អ្នកចេះ អ្នកប្រឹង អ្នកមែនទែន មានរឿងជាច្រើនដែលត្រូវធ្វើ តែអ្នកចង់តែសប្បាយ រវល់តែនឹងឡេះអាឡោះឥតប្រយោជន៍។
៣. នេះបានហៅថា “ចេះច្រើន រវល់ច្រើន។ រវល់ច្រើន ហត់នឿយច្រើន។ ចេះច្រើន មើលឃើញរឿងវែងឆ្ងាយ។ ចេះតិច មិនខ្វល់ខ្វាយ គិតតែសប្បាយរហូតភ្លេចខ្លួន”។ បើស្រឡាញ់សង្គមពិត គឺត្រូវគិតរឿងប្រឹងអាន ប្រឹងរៀន។ ស្រឡាញ់អ្វីក៏ដោយ មិនថាស្រឡាញ់ស្រី ឬស្រឡាញ់ប្រុស ឬស្រឡាញ់ឪពុកម្តាយទេ គឺត្រូវស្រឡាញ់ដោយទង្វើ តែមិនមែនស្រឡាញ់ត្រឹមតែសម្តីឡើយ។ អ្នកដែលរវល់លេង សប្បាយនឹងលេង ក៏បណ្តោយទៅ ដ្បិតពេលណាទុក្ខមិនទាន់មកដល់ មនុស្សខ្លះតែងយល់ថាគ្មានលំបាកទេ។ ប៉ុន្តែបុគ្គលដែលចេះគិត គឺជាអ្នកដែលចេះត្រៀមខ្លួនទុកមុន មិនភ្លេចខ្លួន ភ្លើតភ្លើនឡើយ។ ខ្ញុំមើលឃើញថា “គ្មានវិធីណាដែលអាចធ្វើឱ្យយើងរីកចម្រើនបាន ក្រៅតែពីការអាន ការប្រឹងប្រែងរៀន ការមិនភ្លេចខ្លួន ការភ្ញាក់រឭកដឹងខ្លួនទាន់ មិនវង្វេង”។ ជីវិត បើសម្រេចចិត្តថាធ្វើអ្វីហើយ ត្រូវធ្វើឱ្យមុត ធ្វើឱ្យស្រួច កុំធ្វើលេងៗ កុំធ្វើតាមចិត្តចង់ កុំធ្វើតាមអារម្មណ៍ឱ្យសោះ៕
ប្រភព Lam lim
Comments